ទិដ្ឋភាពទូទៅ
ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅ ប្រាសាទបាកាន) ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប ក្រុងអង្គរ ក៏មានប្រាសាទព្រះខ័នផងដែរ ដែលជាក់ស្តែងក្រុមប្រាសាទនេះ ពីអតីតកាលស្ថិតនៅក្នុងខេត្តកំពង់ស្វាយ (Preah Khan of Kampong Svay)។
ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណកំផែងព័ទ្ធជុំវិញដ៏ធំដែលមានក្រឡាផ្ទៃជិតប្រាំគីឡូម៉ែត្រការ៉េ ដែលត្រូវបានកសាងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី១ ប៉ុន្តែទទួលការកសាងនិងកែប្រែមួយចំនួនដោយព្រះមហាក្សត្រក្រោយ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទជ័យវរ្ម័ន ទី៧)។ ចម្លាក់ភាគច្រើនត្រូវទទួលរងការលួចប្លន់ ឬយកចេញបូករួមទាំងរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ដែលបានក្លាយជានិមិត្តរូបនិងត្រូវបានគេឆ្លាក់ឡើងវិញជាច្រើន។ ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤។ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាន និងហិនយាន)។