ទិដ្ឋភាពទូទៅ
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន និងត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ព្រមទាំង មានរូបចម្លាក់ ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង ៤។