ទិដ្ឋភាពទូទៅ
បន្ទាយស្រី ជាឈ្មោះនៃរចនាបថប្រាសាទមួយ ដែលជួនកាលគេភ្ជាប់ទៅនឹងរចនាបថប្រែរូបផងដែរ ព្រោះរចនាបថទាំងពីរនេះស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នា តែយ៉ាងណារចនាបថបន្ទាយស្រីមានលក្ខណៈពិសេសលើសគេនៅត្រង់ក្បាច់លម្អនោះ គេសម្រេចចិត្តដាក់ឈ្មោះតែឯងនោះទៅ។ ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។