ទិដ្ឋភាពទូទៅ
លក្ខណៈដ៏អស្ចារ្យរបស់ភ្នំសសៀរនោះគឺមានល្អាងរូងពីធម្មជាតិស្ទើរតែគ្មានកន្លែងណាដូច ដែលអាចឲ្យភ្ញៀវទេសចរចូលលេងកម្សាន្តបានយ៉ាងសប្បាយមានដូចជារូងភ្នំដំរីស រូងភ្នំអាចម៍ប្រចៀវជាពិសេសនៅរូងភ្នំដំរីសមានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្មដ៏កំពូលមួយគឺវាលស្រែ១០០ ដែលបានលាក់ខ្លួនបំពួនអាត្មាក្នុងរូងភ្នំដ៏ងងឹតនោះ។នៅភ្នំសសៀរយើងឃើញមានចេតិយមួយដែលកសាងឡើងនៅឆ្នាំ១៩៦៤ដោយព្រះមហាក្សត្រីរស្មីសោភ័ណ្ឌមានរំលេចនិងលំអទៅដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ និងមានពណ៌ប្រណីតដ៏អស្ចារ្យគឺជាគោត្តមមុនីចេតិយដែលជាទីសក្ការៈគោរពបូជាជំនឿលើវត្ថុស័ក្តិសិទ្ធិទាំង៣របស់ព្រះពុទ្ធដែលគេបានយកទៅតម្កល់ទុកនៅក្នុងនោះគឺព្រះសិរីរិកធាតុរបស់ព្រះពុទ្ធ។ ពីជើងភ្នំឡើងទៅដល់កំពូលភ្នំនោះមានសំណង់វត្តអារាមព្រះពុទ្ធសាសនាមានផ្លូវខ្វែងខ្វាត់មានព្រះសង្ឃគង់នៅ និងមានរោងតូចៗជាច្រើនទៀតសង់ឡើងនៅតាមជើងភ្នំសម្រាប់តាជីយាយជីមកសំណាក់ធម៌ផងដែរ។ភ្នំសសៀរជាភ្នំបែបធម្មជាតិមួយដែលប្រកបទៅដោយជំនោរខ្យល់អាកាសត្រជាក់បរិសុទ្ធ និងជាទីកម្សាន្តមួយដ៏ជាទីគួរឲ្យមនោរម្យនិងមានសម្រស់ធម្មជាតិស្រស់បំព្រងគ្រប់រដូវកាល។ នៅពេលភ្ញៀវទេសចរបានឡើងទៅដល់លើកំពូលភ្នំហើយនោះគឺក្រសែភ្នែករបស់ពួកគាត់នឹងគយគន់មើលឃើញនូវសម្រស់ទេសភាពវាលស្រែ ព្រៃភ្នំភូមិដ្ឋានរបស់បងប្អូនអ្នកស្រុក កោះលំហសមុទ្រដ៏ធំល្វឹងល្វើយយ៉ាងជក់ភ្នែកបំផុត។ មិនតែប៉ុណ្ណោះភ្នំសសៀរក៏ជាកន្លែងគោរពតាមជំនឿលំនាំព្រះពុទ្ធសាសនានិងជាទីកន្លែងបួងសួងដល់វត្ថុស័ក្តិសិទ្ធិដើម្បីសុំលាភសក្ការៈផ្សេងៗទៀត ដ៏ខ្លាំងពូកែថែមទៀតផង។