ទិដ្ឋភាពទូទៅ
រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។ នៅទីនេះមាន បម្រើសេវាកម្សាន្ត ភោជនីយដ្ឋាន និងគ្រែអង្គុយតាមមាត់ទឹក និងជាទីតាំងដ៏ស្រស់ត្រកាល ដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បោះ ទឹកទន្លេដ៏ត្រជាក់ថ្លាយង់ ដែលអាចផ្តល់នូវ អារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅកម្សាន្តនៅទីនោះ។ក្រៅពីនេះ តំបន់នេះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលសិប្បកម្ម ដែលស្ថិតនៅចំកណ្តាល នៃដង ទន្លេមេគង្គ ដែលមានបណ្តោយប្រវែង១២គីឡូម៉ែត្រ ។នៅទីនេះ មានសិប្បកម្មត្បាញក្រមា មុង សារុងសូត្រ ហូល ផាមួង ក្រមា សូត្រ និង ជំនួញជួញដូរខ្នាតតូចជាច្រើនទៀត ។ ជាក់ស្តែងស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋ គេតែងតែឃើញមានបន្សល់ទុកនូវ កីតម្បាញនៅក្រោមផ្ទះ។ ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ ដែលសម្បូរទៅដោយ ធនធានធម្មជាតិយ៉ាងក្រាស់ក្រែល និង ប្រពៃណីផងនោះ បានធ្វើឱ្យតំបន់នេះប្រែក្លាយទៅ ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព និង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុក។