ទិដ្ឋភាពទូទៅ
រមណីយដ្ឋានទឹកឆា នៅក្បែរប្រាសាទ មានជ្រោះប្រឡាយទឹកតាំងពីបុរាណមក មានទឹកហូរ ខួបប្រាំងខួបវស្សា គឺនៅរដូវវស្សាពេញប្រៀបដោយទឹក ឯនៅរដូវប្រាំងវិញនៅសល់ទឹកត្រឹមក្បាលជង្គង់ ឬលើក្បាលជង្គង់បន្តិច ។ ទឹកនៅប្រឡាយនេះថ្លាឆ្វេងហើយ ហូរមិនចេះឈប់ ជាហេតុនាំឱ្យអ្នកទេសចរណ៍អាចហែលទឹកយ៉ាងសប្បាយរីករាយ ។ នៅសងខាងប្រឡាយទឹក មានរុក្ខជាតិដុះរកេតរកូត តែសព្វថ្ងៃនេះ គេកាប់រំលំឱ្យ បានជាវាលរាបមួយកន្លែងយ៉ាងធំ ត្រូវផ្លូវទឹកបែកចេញ ជាឆ្នេរធំល្ហល្ហាច គឺចំត្រង់តួប្រាសាទថ្ម ។ អាស្រ័យដោយទីកន្លែងត្រជាក់ត្រជុំ មានធារទឹក និងម្លប់ត្រឈឹងត្រឈៃ ដុះព័ទ្ធប្រាសាទបុរាណ ដូច្នេះហើយបានជាទេសចរណ៍នាំគ្នាទៅកម្សាន្តទស្សនាក្នុងពេលសម្រាកម្តងម្កាល នាំឱ្យលេចលឺឈ្មោះល្បីខ្ចរខ្ចាយ ។ ធារទឹកឆា ជាអាងទឹកធ្វើដោយមនុស្សផ្ទាល់ មានទំហំ ៣គ.មក្រឡា ដែលមានប្រភពជិត ១០កន្លែងនៃតំបន់ភ្នំ និងខ្ពង់រាបខាងកើតឈៀងខាងជើង នៃតំបន់នេះ ដែលគេហៅថា ក្បាលទឹក ។ នៅជុំវិញទឹកឆា មានព្រែកធំៗជាច្រើនដូចជា ព្រែកកំពង់សា ជាដើម ។ អាងស្តុកទឹកនេះ មានជម្រៅជាមធ្យមប្រមាណជាង ២ម ដែលគេអាចបង្ហូរទឹកតាមច្រកបី ដែលតាមទ្វារទឹកអាចបិទបើកបាន ។នៅក្បែរៗនោះ មានបន្សល់នូវសំណល់ប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទបោសព្រះនន់ (ប្រាសាទគុកធំ ឬប្រាសាទស្រី) និងប្រាសាទគុកតូច (ប្រាសាទប្រុស) ។ជារៀងរាល់ថ្ងៃគឺមានភ្ញៀវទេសចរណ៍រាប់រយនាក់ទៅងូតទឹកលេង និងសម្រាកកម្សាន្ត ។ ជាពិសេស ប្រជាជននិយមទៅលេងតំបន់ព្រះធាតុទឹកឆា នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យប្រពៃណីផ្សេងៗ និងថ្ងៃចុងសប្តាហ៍ ។