ទិដ្ឋភាពទូទៅ
រមណីយដ្ឋានធម្មជាតិអូរផ្លាយ រំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្មបែកជាចំណាំងព្រាកៗបែកពពុះ ដែលស័ក្ដិសមជាទីឋានងូតទឹកកម្សាន្ដពីសំណាក់ភ្ញៀវទេសចរគ្រប់រូប សម្រាប់ឱកាសសម្បូរភ្ញៀវនារដូវប្រាំងចាប់ពីខែវិច្ឆិការហូតដល់រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ។ទឹកភ្លៀងនារដូវវស្សា លាយឡំនឹងប្រភពទឹកច្រោះកាត់ព្រៃព្រឹក្សានៃទីទួលខ្ពង់រាប បង្កើតបានជាចរន្ដទឹកសម្បុរស្ករត្នោតហូរកាត់កម្រាលថ្មនៅលើដងអូរផ្លាយ ដែលស្ថិតនៅមិនឆ្ងាយពីកំណាត់ផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា។ទោះជាកម្ពស់ទឹកឡើង ចរន្ដទឹកហូរខ្លាំង បាតអូរក៏ជ្រៅជាងមុន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកនិយមងូតទឹកលើដងអូរ ហើយសម្រស់ផ្ទៃទឹកប្រែជាល្អក់កករបន្តិចមែន ក៏រមណីយដ្ឋានធម្មជាតិអូរផ្លាយនៅអាចទាក់ទាញភ្ញៀវទេសចរចូលមកលេងកម្សាន្ដ បើទោះបីជាមិនសម្បូរភ្ញៀវច្រើនដូចរដូវប្រាំងយ៉ាងណាក្ដី។