ទិដ្ឋភាពទូទៅ
សារមន្ទីរជាតិ នៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។ សារមន្ទីរជាតិនៃកម្ពុជាត្រូវបានកសាងឡើងនៅឆ្នាំ ១៩១៧-១៩២០ ជាប់នឹងផ្នែកខាងជើងនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។ អាគារទាំងមូលមានដំបូលស្រួច និងទ្វារឆ្លាក់ផ្កាភ្ញីរចនាបទស្ថាបត្យកម្មតាមលំនាំប្រាសាទបុរាណខ្មែរ និងលាយបញ្ចូលស្ថាបត្យកម្មប្រពៃណីខ្មែរ និងរចនាបទអាណានិគមបារាំង។ នៅកណ្តាលដើមឈើ និងផ្កា ដែលព័ទ្ធជុំវិញដោយស្រះផ្កាឈូក ប្រៀបដូចជាព្រះបរមរាជវាំងតូចមួយដ៏ស្រស់ស្អាត។