ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ព្រឹទ្ធសភា

ប្រវត្តិព្រឹទ្ធសភា

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សនយោបាយធំៗទាំងពីរ នាថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់អតីតព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅព្រះបរម- រាជវាំង។ កិច្ចប្រជុំដ៏សំខាន់នេះ បានបញ្ចប់វិបត្ដិនយោបាយ លើកកម្ពស់ការបង្រួបបង្រួមផ្សះផ្សាជាតិ និង ពង្រឹងស្ថេរភាពនយោបាយ ដោយបានឯកភាពគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមច្បាប់ធម្មនុញ្ញ ដែលបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩៩ ។
ការបង្កើតព្រឹទ្ធសភានេះ គឺជាព្រឹត្ដិការណ៍នយោបាយដ៏ចម្បងមួយ ក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ដែល បានបង្ហាញឱ្យឃើញនូវពន្លឺថ្មីមួយសម្រាប់អនាគតនៃប្រទេសកម្ពុជា ព្រមទាំងបង្ហាញឱ្យឃើញពីការ ប្ដេជ្ញាចិត្ដជាបន្ដបន្ទាប់ ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋ។ ព្រឹទ្ធសភានៃព្រះរាជា- ណាចក្រកម្ពុជា នីតិកាលទី១ បានបើកសម័យប្រជុំ លើកទី១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។
ព្រឹទ្ធសភានីតិកាលទី១ ( ១៩៩៩-២០០៦ ) កើតឡើងដោយការតែងតាំង មានសមាជិកចំនួន ៦១រូប ក្នុងនេះមានគណបក្សប្រជាជនកម្ពុជា ៣៣រូប ហ៊្វុនស៊ិនប៉ិច ២១រូប និងគណបក្សសមរង្ស៊ី ៧រូប ( ការបែងចែកអាសនៈទៅតាមចំនួនកូតានៃគណបក្សមានអាសនៈក្នុងរដ្ឋសភានីតិកាលទី២ ) សម្រាប់ រយៈពេល ៥ឆ្នាំ ។ ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាលរបស់ខ្លួនចំនួន ២ដង ( ម្តង១ឆ្នាំ ) ៖

  • លើកទី១. ព្រះរាជសារចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០០៤ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានបន្តនីតិវិធីបោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី១ នាថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៤ ដោយមានសំឡេងគាំទ្រចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ( គិតចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៤ ដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៥ ) ។
  • លើកទី២. ព្រះរាជសារចុះថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៥ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងបានបន្តនីតិវិធីបោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី១ នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០០៥ ដោយមានសំឡេងគាំទ្រចំនួន ៤៨ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ( គិតចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៥ ដល់ព្រឹទ្ធសភានីតិកាលទី២ ចូលកាន់តំណែង នាថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០៦ ) ។
    ក្នុងនីតិកាលទី១នេះ ព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០០៥ នាសម័យប្រជុំលើកទី២ នីតិកាលទី៣ ហើយព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់យល់ស្របលើទម្រង់ និងគតិច្បាប់នេះ ទាំងស្រុង នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០០៥ នាសម័យប្រជុំលើកទី៩ នីតិកាលទី១ ។ បន្ទាប់មក ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្ដីសម្រេចលេខ ០៧០/០០២/២០០៥ កបធ.ច ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ។ ច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ

នស/រកម/០៦០៥/០២០ ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៥ ។
ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២) កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦ សម្រាប់រយៈពេល៦ឆ្នាំ ។ នីតិកាលទី២ សមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូចនីតិកាលទី១ ( ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង ៥៧រូបជ្រើសតាំងដោយការបោះឆ្នោត ) ក្នុងនោះមានសមាជិកា ០៩រូប ។ ក្នុង៥៧រូប ដែលជ្រើសតាំង ដោយការបោះឆ្នោតមាន ៤៥រូបមកពីគណបក្សប្រជាជនកម្ពុជា ១០រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និង ០២រូបមកពីគណបក្សសមរង្ស៊ី ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្ដទៅនាថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០១២ ។ សម្រាប់នីតិកាលទី៣នេះ ចំនួនសមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូច នីតិកាលទី១ និងនីតិកាលទី២ ក្នុងនោះមានសមាជិកាចំនួន ១០រូប ( មកពីគណបក្សប្រជាជនកម្ពុជា ០៦រូប សមរង្ស៊ី ០៣រូប និងជ្រើសតាំងដោយរដ្ឋសភា ០១រូប ) ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣) ២១១ ៤៤៦

https://senate.gov.kh/

កថាខណ្ឌបន្ទាប់
ចូល
សមាសភាពថ្នាក់ដឹកនាំ

ប្រធានព្រឹទ្ធសភា