ទិដ្ឋភាពទូទៅ
ប្រាសាទតាណី មានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ សព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្នាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។ នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបយើងឃើញមានរូបកណ្តាលត្រូវបានដាបបំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ។