ទិដ្ឋភាពទូទៅ
ទឹកជ្រោះក្បាលឆាយ មានភ្ញៀវទេសចរអាចធ្វើដំណើរមកពីខេត្តព្រះសីហនុតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសខាងជើងមានចំងាយ ៧គីឡូម៉ែត្ររួចបត់ឆ្វេងចូលតាមផ្លូវ២១៧ប្រហែល ៩គីឡូម៉ែត្រនិងទៅដល់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យទាក់ទាញនៃទេសភាពស្រុកខ្មែរដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបានពីភាពស្រស់ឆើតឆាយរបស់វា។ ទឹកជ្រោះក្បាលឆាយមានប្រភពទឹកជាច្រើនមកពីជួរភ្នំផ្សេងៗជាច្រើននៅតាមមាត់សមុទ្រ ប៉ុន្ដែមកដល់ចំណុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកបីសំរាប់ហូរដែលមានកំពស់ពី ២ ទៅ ៤ ម៉ែត្រ។ ចរន្ដទឹកមកដល់ចំណុចក្បាលឆាយផ្លូវទឹកមានតែមួយដែលមានទឹកហូរខ្លាំងហើយធ្លាក់ល្បាក់ទឹកមានកំពស់ ១៤ ម៉ែត្រ ភាគច្រើនអ្នកទេសចរណ៏ចូលចិត្តមកងូតទឹកលេងនៅត្រង់កន្លែងទឹកធ្លាក់នេះណាស់។ ទឹកជ្រោះក្បាលឆាយ មានទិដ្ឋភាពស្អាតបំផុតក្នុងវស្សានរដូវដែលមានភ្លៀងធ្លាក់ជោកជាំចន្លោះខែកក្កដា ដល់ខែតុលា និងមានអាកាសធាតុត្រជាក់ដូចនៅតំបន់ប៉ូល ជាមួយដំណាក់ទឹកធ្លាក់បង្កើតបានជាពពុះទឹកសៗបែកផ្កាត្រែងលាន់ឮស្នូរយ៉ាងពិរោះរណ្តំលាយឡំសត្វបក្សាបក្សីស្រែកយំអឺងកង ប្រៀបបានជាចង្វាក់ភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យភ្លេចអស់នូវទុក្ខសោកសៅទាំងឡាយ ។ ប៉ុន្តែស្ថិតក្នុងអំឡុងពេលរដូវក្តៅវិញ ទឹកធ្លាក់ក្បាលឆាយបានរីងស្ទើរជិតអស់ តែទោះជាយ៉ាងនេះក្តីវាខំបញ្ចេញសម្រស់ ក៏ដូចជាទឹកហូរ ដើម្បីកំដរភ្ញៀវឲ្យគ្រប់រដូវកាល ។ សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមាន លក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និង ភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទាន ឬ នៅថ្ងៃចុងសប្ដាហ៍។