ទិដ្ឋភាពទូទៅ
ទឹកហូរជាដំណាក់ជម្រាលធ្លាក់ពីស្ទឹងអារ៉ៃលើខ្នងភ្នំឱរ៉ាល់ពង្រីកខ្លួនបាចសាចជ្រែកផែនថ្មធំៗលាតសន្ធឹងដ៏ល្វឹងល្វើយធ្លាប់តែអន្ទងចិត្ដភ្ញៀវទេសចរជាតិទាំងជិត និងឆ្ងាយឲ្យចំណាយពេលធ្វើដំណើរមកងូតទឹកកម្សាន្ដយ៉ាងគគ្រឹកគគ្រេងក្រោយពីថ្ងៃចុះបញ្ជីជារមណីយដ្ឋានទឹកធ្លាក់អូរដា ក្នុងឆ្នាំ ១៩៩៩ ប្រែជាទីឋានដ៏ឯកាខ្វះភ្ញៀវស៊ូនឹងការលំបាកដើម្បីគយគន់សម្រស់ធម្មជាតិ។
គោលដៅទាក់ទាញទេសចរណ៍
ទឹកធ្លាក់អូរដា បានបែងចែកជា ៣ តំបន់កម្សាន្ដ គឺនៅផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្លង់។ បន្ទាប់មកនៅផ្នែកកណ្ដាល ជាទីកន្លែងលេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ពីព្រោះវាហូរធ្លាក់លើផែនថ្មជាដំណាក់រាក់ៗ ដែលផ្ដល់អំណោយផលសម្រាប់ងូត និងគេងសំដិល។
ចំណែកនៅផ្នែកខាង ជាតំបន់ទឹកហូរគួចខ្លាំងពេលទឹកជន់ឡើង ពុះជ្រែកក្រហែងថ្មធំៗមុននឹងធ្លាក់ទៅក្នុងស្ទឹងដែលហ៊ុំព័ទ្ធដោយព្រៃប្រឹក្សាប្របមាត់ទឹក ដែលបង្កើតបានជាបរិយាសដ៏ត្រជាក់ល្ហឹម។