ទិដ្ឋភាពទូទៅ
នៅក្នុងខេត្តកំពតម្តុំទឹកឈូ ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្តច្រើនកន្លែងដែរ ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ នោះគឺ ឧទ្យានដងព្រែក ។ ឧទ្យានដងព្រែក គឺជាកន្លែងកម្សាន្តថ្មី ដែលអាចឱ្យអ្នកមកកម្សាន្តរីករាយជាមួយនឹងការលេងទឹកយ៉ាងរីករាយដោយមានពោងឱ្យលោតលេងទៀតផង។ ជាពិសេសលោកអ្នកក៏អាចកម្សាន្តជាមួយនឹងការជិះទូកកៃយ៉ាក់ និងជិះទាទឹកនៅក្នុងទឹកព្រែកដែលមានទឹកថ្លាយង់ គយគន់ទេសភាពនៅតាមមាត់ព្រែក ឬក៏អាចសាកល្បងល្បែងកម្សាន្តថ្មីបែបព្រឺព្រួចផ្សងព្រេង នោះគឺការជិះខ្សែរ៉តចេញពីដើមឈើកម្ពស់ជាង ១០ម៉ែត្រ ដើម្បីឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ ។