ទិដ្ឋភាពទូទៅ
ពយម្រេចកង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ។ នៅទីតាងដ៏សមប្រកបបែបនេះហើយ ទើបពយម្រេចកង្កែប ក្លាយជាទីតាំងទស្សនាទេសភាពធម្មជាតិនៃតំបន់អារ៉ែងបានគ្រប់រដូវកាល។សម្រាប់សេវាកម្មទេសចរណ៍នៅទីនេះ ត្រូវបានរៀបចំដោយសហគមន៍ទេសចរណ៍តំបន់អារ៉ែង ព្រមទាំងមានចុងភៅចម្អិនម្ហូបអាហារក្នុងព្រៃ ជូនភ្ញៀវទេសចរថែមទៀតផង។
សក្តានុពលទេសចរណ៍នៃពយម្រេចកង្កែប ពិតជាអន្ទងចិត្តអ្នកចូលចិត្តដើរព្រៃ។ ភាគច្រើន អ្នកទេសចរដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី។