ទិដ្ឋភាពទូទៅ
ភ្នំឡែងកៅ មានទឹកជ្រោះឡែងកៅ(ឡែងកៅ អូរងឺន) ដែលមានសម្រស់ស្រស់ស្អាតដូចគ្នានឹងទឹកជ្រោះប៊ូស្រា។ធនធានធម្មជាតិ និងជីវ:ចម្រុះសំបូរបែបដែលទាក់ទាញរួមមាន: ទឺកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដា រួមផ្សំជាមួយសម្រែកសត្វទោច(ប្រភេទសត្វដែលមានតម្លៃអភិរក្ស) និងបក្សាបក្សី។ សម្រស់ធម្មជាតិ នៃ ព្រៃស្រោងសើមដុះតាម ជ្រលងភ្នំ សងខាងមាត់ជ្រោះ លប់ទៅដោយដើមស្លាព្រៃ និងរុក្ខជាតិតិណ្ណជាតិគួរឱ្យចង់ទៅលេងកំសាន្ត។សណ្ឋានដី និងភូគម្ភសាស្ត្រ ជាតំបន់ភ្នំមានសោភ័ណភាពទាក់ទាញ ប៉ុន្តែនៅមិនទាន់ដឹងថាជាប្រភេទថ្មអ្វី។
ផ្នែកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌វិញ៖ ជនជាតិដើមភាគតិចព្នងតែងតែ ជឿថាតំបន់ភ្នំឡែងកៅមានភាពស័ក្តសិទ្ធ។ ទឹកជ្រោះឡែងកៅ ជាឈ្មោះ ដែលហៅតាមព្រៃអារក្ស ឬ ព្រៃតំណមរបស់ជនជាតិដើមភាគតិច។ នៅមានរឿងរ៉ាវជាច្រើនដែលមិនទាន់ដឹងអស់នៅទីនោះ។សារ:សំខាន់ផ្នែកអភិរក្សវិញ គឺថាលក្ខណ:ពិសេសរបស់ព្រៃភ្នំសក្ការ:បូជានេះ បូកនឹងការប្រឈមនឹងការកាប់រុករាន និងដុតដីព្រៃដើម្បីធ្វើចម្ការអាចធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីតំបន់ព្រៃភ្នំនេះប្រែប្រួល។