ទិដ្ឋភាពទូទៅ
រមណីយដ្ឋានទឹកជ្រោះ៧ជាន់ អូរស៊ិនលែរ៍ នេះគ្របដណ្តប់ដោយព្រៃស្រោងពណ៌បៃតង ដែលហ៊ុមព័ទ្ធជុំជិតដោយជួរភ្នំ និងខ្ពង់រាបប្រកបដោយភាពសុខដុមរមនាពីធម្មជាតិសំរាប់សត្វព្រៃ គ្រប់ប្រភេទ និងឮតែសំលេងខ្ញៀវខ្ញារនៃសត្វបក្សាបក្សី ។ រមណីយដ្ឋានទឹកធ្លាក់នេះ ធ្លាប់តែលាក់ខ្លួននៅកណ្តាលទ្រូងព្រៃជាយូរមកហើយ ទើបតែពេលថ្មីៗនេះទេ ដែលបណ្តាញផ្លូវគមនាគមន៍ត្រូវបានអភិវឌ្ឍតភ្ជាប់ទៅដល់តំបន់ ទឹកធ្លាក់ដ៏អស្ចារ្យមួយនេះបានងាយស្រួល ។ អ្នកទេសចរអាចទៅដល់ទីនោះតាមរយៈរថយន្តធុនខ្ពស់ៗ ឯអ្នកបើកបរក៏ត្រូវតែប្រកបដោយទេពកោសល្យផងដែរ ក្នុងការបញ្ជាយានយន្តតាមផ្លូវក្នុងព្រៃបត់បែនដូចពស់លូន ហើយកន្លែងខ្លះត្រូវឆ្លងកាត់អូរតូចៗទៀតផង។ ដំណើរកំសាន្តទៅកាន់ទីនោះ គឺអាចចំណាយពេលពេញមួយថ្ងៃ និងត្រូវត្រៀមរៀបចំកញ្ចប់ម្ហូបអាហារ និងភេសជ្ជៈផងដែរ ព្រោះនៅទី នោះគ្មានអ្វីលក់ដូរទាំងអស់គឺធម្មជាតិពិតៗ ។ ទឹកធ្លាក់នោះមាន៧ជាន់ ដែលទស្សនីយភាពដ៏ស្រស់ស្អាតនេះ ស្ថិតនៅកណ្តាលព្រៃ និងមានការអភិរក្សថែរក្សាយ៉ាងល្អ ហើយកន្លែងខ្លះសូម្បីតែពន្លឺព្រះអាទិត្យ ក៏ពិបាកនឹងចាំងកាំរស្មីចូលដល់ផង ។ នៅរដូវប្រាំង ចរន្តទឹកហូរមានសភាពយឺតល្មមដែលអាចឱ្យយើងហែលលេងបានយា៉ងស្រួល ។ រីឯនៅរដូវភ្លៀង ចរន្តទឹកហូរខ្លាំងលឿន កួចខ្មួលខ្មាញ់ និងធ្វើឱ្យពិបាកក្នុងការមុជកំសាន្តណាស់ ។ រមណីយដ្ឋានទឹកធ្លាក់អូរស៊ីនលែរ៍ មិនត្រឹមតែផ្តល់ភាពស្រស់ស្អាតសំរាប់ដំណើរកំសាន្តក្នុងព្រៃ ប៉ុណ្ណោះទេ ប៉ុន្តែវាហាក់បីដូចជាការស្រាវជ្រាវអំពីសំរស់ធម្មជាតិ ផ្សេងៗរួមទាំងទឹកធ្លាក់ដទៃទៀតនៅជុំវិញទីនោះផងដែរ ។