ទិដ្ឋភាពទូទៅ
រមណីយដ្ឋានស្អាងភ្នំ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ធម្មជាតិ។ដើម្បីធ្វើដំណើរទៅ ទស្សនាកម្សាន្តនៅរមណីយដ្ឋាននោះភ្ញៀវទេសចរត្រូវចេញដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី ដែលជាផ្លូវលើកថ្មីជំនាន់ប៉ុលពតហើយធ្វើដំណើរតាមនោះនឹងកាត់តាម តំបន់វាលទំនាបទួលក្រសាំង ។ ពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី និង ជួបលេខ ២១ ចាស់ត្រង់ ចំណុចវត្ត ឈូងលៀប ក្នុងឃុំរកាខ្ពស់ ដែលមានចម្ងាយប្រហែល ១២ គីឡូម៉េត្រ។ ដល់វត្តឈូងលៀបរួចបន្តដំណើរទៅដល់ផ្សារស្រុកស្អាងទើបមានផ្លូវបំបែកចូលខាងស្តាំដៃ មូយ ។ ធ្វើដំណើរតាមផ្លូវនោះចម្ងាយ ២, ៥ គីឡូម៉ែត្រដល់ក្លោងទ្វារវត្ត រួមមានផ្លូវបំបែកចូល ខាងស្តាំបន្តិច ទើបដល់រមណីយដ្ឋាននោះ ។ រមណីយដ្ឋានស្អាងភ្នំនេះជាប្រភេទ រមណីយដ្ឋាន ធម្មជាតិ និង វប្បធម៌ ដែលនៅទីនោះមាន វត្តមួយសង់នៅលើកំពូល ភ្នំខ្ពស់ជាង គេ ដែលគេមើលទៅឃើញទិដ្ឋភាពល្អប្លែក ជុំវិញតំបន់នោះ ។ រមណីយដ្ឋានស្អាងភ្នំនេះ ពុំសូវសំបូរដើមឈើ ដូចនៅ ភ្នំធនមន្តឡើយ ប៉ុន្តែនៅជុំវិញវត្ត គឺមានបឹងយ៉ាងធំមួយ ដែលមានដុះទៅដោយ ផ្ការំចង់ និង ព្រលិត ។ លើសពីនេះទៅទៀ់ត នៅក្នុងបឹងជុំវិញភ្នំនេះ គឺសំបូរត្រីណាស់ អ្នកទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាននោះ ក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រីផងដែរ ។ នៅរដូវវស្សាស្អាងភ្នំគឺប្រៀបបីដូចជា កូនកោះមួយ ដែលព័ទ្ធជុំវិញ ទៅដោយផ្ទៃទឹកធំល្វឹងល្វើយ ។ លកនៃខ្យល់បោកបក់មកប៉ះជើងភ្នំ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ បំបាត់នូវការនឿយហត់ ។ នៅទីនោះ មានលក្ខណៈត្រជាក់ប្រកបដោយខ្យល់អាកាសបរិសុទ្ធនិងព្រៃល្បះនៅជុំវិញ ជើងភ្នំ ។ រមណីយដ្ឋាននេះ មានភ្ញៀវជាតិទៅកម្សាន្តច្រើននារដូវបុណ្យទាន ឬ បុណ្យប្រពៃណីជាតិ និង ថ្ងៃឈប់សំរាកជាដើម ។ បច្ចុប្បន្ននេះមន្ទីរទេសចរណ៍បាន សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដាំកូនឈើ និង ធ្វើសណ្តាប់ធ្នាប់អនាម័យ សន្តិសុខនៅតំបន់នោះបានយ៉ាងល្អប្រសើរ ជូនភ្ញៀវទេសចរលេងកំសាន្ត ៕