ទិដ្ឋភាពទូទៅ
ឧទ្យានជាតិរាម មានលក្ខណៈវិសេសវិសាលទាក់ទាញចិត្តភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើន ខណៈដែលភ្ញៀវទេសចរក្នុងស្រុកហាក់មើលរំលងសក្ដានុពលតំបន់ទេសចរណ៍កម្សាន្តមួយនេះ។ លក្ខណៈអំណោយផលនៃធនធានធម្មជាតិ មានឆ្នេរខ្សាច់លាតសន្ធឹងប្រកបដោយរុក្ខជាតិ និងព្រៃឈើគ្រប់ប្រភេទដុះលាយចម្រុះគ្នា ព្រមទាំងទេសភាពល្អប្រណីត ជាចំណុចទាក់ទាញនៃឧទ្យានជាតិរាម។
គោលដៅទាក់ទាញទេសចរណ៍
ឆ្នេរព្រែកចាក៖ ឆ្នេរនេះស្ថិតនៅចុងបំផុតនៃតំបន់អភិរក្សឧទ្យានជាតិរាម។ ឆ្នេរសមុទ្រនេះ គឺមិនសូវមានអ្នកស្គាល់ឡើយ ហើយមានផ្ទះអ្នកភូមិរស់នៅក្បែរតិចតួចបំផុត ប៉ុន្តែមានផ្ទះស្នាក់បឹងហ្គាឡូតាមបែបធម្មជាតិ នៅជើងភ្នំ នៃតំបន់ឆ្នេរសមុទ្រនេះ។ ដើម្បីទៅដល់ឆ្នេរសមុទ្រនេះ គឺអាចធ្វើដំណើរតាមផ្លូវបំបែករង្វង់មូលឧទ្យានជាតិរាម ពីផ្លូវជាតិលេខ៤ រួមធ្វើដំណើរតាមបណ្តោយផ្លូវព្រលានយន្តហោះ សំដៅទៅហួសសាលាបឋមសិក្សារាម និងមូលដ្ឋានសមុទ្ររាមឆ្ងាយបន្តិចតាមផ្លូវលំ នោះលោកអ្នកនឹងបានឃើញឆ្នេរសមុទ្រនេះហើយ៕
កោះថ្មីឆ្នេរនៃឧទ្យានជាតិរាម ៖ មានទីតាំងនៅក្នុងឧទ្យានជាតិរាម កោះថ្មីជាសំបុករបស់សត្វស្វា សំពោធ ល្មូន និងប្រភេទសត្វបក្សីជាង១០០ប្រភេទទៀត និងសត្វជិតផុតពូជមួយចំនួន។ នៅកោះថ្មី នេះមានកន្លែងសម្រាប់សម្រាកតែមួយកន្លែងផងដែរ គឺរមណីយដ្ឋានកោះថ្មីនោះតែម្តង។ រមណីយដ្ឋាននេះមានបឹងកាឡូធ្វើពីឈើ ដែលមិនបំពុលបរិស្ថាននិងប្រើប្រាស់អគ្គីសនីដើរដោយថាមពលព្រះអាទិត្យ។ ភ្ញៀវទេសចរអាចកម្សាន្តជាមួយសកម្មភាពជាច្រើនដូចជាឡើងភ្នំ មើលបក្សី ហែលទឹកមើលផ្កាថ្ម ជិះកាយាក់ ហើយក៏មានឆ្នេរខ្សាច់នៅក្បែរនោះដែលពេលខ្លះមានសត្វផ្សោតហែលចុះឡើងនៅតាមមាត់ឆ្នេរ។
ភ្ញៀវទេសចរអាចនឹងទទួលបាននូវការកម្សាន្តយ៉ាងពិសេសដូចខាងក្រោម៖
១. គយគន់ឆ្នេរខ្សាច់ដ៏ល្អប្រណីត ស្រូបយកខ្យល់អាកាសបរិសុទ្ធតាមមាត់ឆ្នេរជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់។
២. ជិះទូកទៅមើលព្រៃកោងកាង ទស្សនាសត្វស្លាបជាច្រើនប្រភេទរស់នៅតាមមាត់ព្រែក មាន ត្រដក់ កុក ក្រសារ មាន់ទឹក ទាទឹក ឬអាចទៅលេងភូមិនេសាទថ្មធំដែលមានបងប្អូនប្រជានេសាទរស់នៅជាង ៣០ គ្រួសារ ដែលទីនោះក៏ជាជម្រកនៃសត្វដូហ្វីនសមុទ្ររស់នៅតែងតែបង្ហាញខ្លួនឲ្យភ្ញៀវទស្សនា។
៣. ការដើរកម្សាន្តក្នុងព្រៃក៏ជាបទពិសោធន៍ដ៏រំភើបសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ដែលវាមានភាពទាក់ទាញចិត្តបំផុត ជាពិសេសភ្ញៀវទេសចរបរទេស។ ឧទ្យានជាតិរាមមានចម្ងាយ ១៨ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និង ១៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ឧទ្យានជាតិរាម ស្ថិតនៅរវាងកោះថ្មី និងក្រុងព្រះសីហនុ ដែលមានផ្ទៃដីសរុប ២១,០០០ ហិកតា ក្នុងនោះផ្ទៃដីទំហំ ១៥,០០០ ហិកតា ជាដីគោកស្ថិតតាមឆ្នេរសមុទ្រ និងផ្ទៃដីទំហំ ៦,០០០ ហិកតា ជាផ្ទៃទឹកសមុទ្រ។ ឧទ្យានជាតិរាម ជាកន្លែងដ៏មានប្រជាប្រិយក្នុងការផ្ដិតយកទិដ្ឋភាពផូរផង់ នៃធម្មជាតិ។ ឆ្នេរនៅឧទ្យានរាមមិនសូវមានភាពទាក់ទាញដូចបណ្តាឆ្នេរដទៃទៀត ភាគច្រើនភ្ញៀវដែលមកកម្សាន្តច្រើនតែជិះហួសមកហួស។ ប៉ុន្តែភាពស្ងប់ស្ងាត់នៃឆ្នេរមួយនេះ ជាចំណុចទាក់ទាញដែលអន្ទងចិត្តភ្ញៀវទេសចរមួយចំនួន ជ្រើសរើសជាកន្លែងសម្រាកលំហែកាយសម្រាប់ដំណើរកម្សាន្តមកខេត្តព្រះសីហនុ។ ឆ្នេរសំខាន់ៗនៅទីនោះរួមមានឆ្នេរចម្ការដូង ឆ្នេរបរិស្ថាន ឆ្នេរថ្មដុះ និងឆ្នេរព្រែកចាក ជាដើម។