ទិដ្ឋភាពទូទៅ
ឧទ្យានជាតិកែប មានផ្ទៃដី ៥.០០០ ហិកតា មានព្រំប្រទល់ ខាងជើងជាប់នឹង ផ្លូវជាតិលេខ ១៦ ខាងត្បូងជាប់នឹង ឆ្នេរសមុទ្រ ខាងកើត និង ខាងលិចជាប់នឹង ផ្លូវជាតិលេខ ១៦២ ។ បុរីកែបមានព្រំប្រទល់ប្រមាណ ១៥ គីឡូម៉ែត្រក្រៅពីផ្លូវគោក ផ្លូវសមុទ្រក៏អាចជាមធ្យោបាយគមនាគមន៍ដ៏សំខាន់ សម្រាប់សហគមន៍ក្នុងតំបន់ផងដែរ។ ច្រើនជាងនេះទៅទៀតវាផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ… ៘ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់គឺតំបន់ឧទ្យានជាតិកែប គឺជួយទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរជាតិឱ្យនៅស្នាក់កម្សាន្តតំបន់នោះផងដែរ ។ ផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើត និង ខាងលិចនៃតំបន់នេះ ព្រៃកោងកាងលាតសន្ធឹងពីទំនាបទឹកប្រៃរហូតដល់មាត់សមុទ្រ ហើយព្រៃកោងកាងខាងលើនេះផ្តល់ជាថ្នាលបណ្តុះពូជ និង ជាទីសម្បុកពង កូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និង គ្រប់សត្វសមុទ្រ ។ ក្រៅពីនោះក៏ជាតំបន់តូចធំធ្លាប់មានប្រវត្តិថា ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភ័ណភាពទេសភាពស្រស់បំព្រង។ ដើម្បីរារាំងនឹងការដែលចេះតែមិនឈប់ឈរនូវការកាប់បំផ្លាញព្រៃឈើ បំផ្លាញជម្រកធម្មជាតិ និង ជីវសាស្ត្រចម្រុះនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ត្រូវបានសម្រេច និង ប្រកាសដាក់ជាឧទ្យានជាតិដោយព្រះរាជក្រឹត ដែលឡាយព្រះហស្តដោយ ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន។