ទិដ្ឋភាពទូទៅ
ប្រាសាទកោះកេរ្តិ៍ ឬកោះកែរ (ធោកគគ្យិ៍រ) គេបានចាត់ទុកថា ជាប្រាសាទភ្នំមានកំពស់៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ដូចមហាចេតីយពីរ៉ាមីត បែរមុខទៅទិសខាងលិចទៅរករាជធានីអង្គរ មានជណ្តើរចំនួន៥៥កាំ (សព្វថ្ងៃមិនអាចប្រើបាន) លើកំពូលមានរូបចម្លាក់ទម្រព្រះសេវលិង្គ ហើយចំកណ្តាលមានមាត់អណ្តូងប្រវែង៤ម៉ែត្រ៤ជ្រុងចុះទៅក្រោម តែមិនអាចមើលឃើញដល់បាតព្រោះដុះលុបជិតអស់ ហើយនៅជុំវិញប្រាសាទនេះ ក្រុមស្រាវជ្រាវកំពុងរុករកមានប្រាសាទតូចៗចំនួន៩៦បន្ថែមទៀត នៅដាច់ៗពីគ្នា ដែលមានចម្ងាយពីគ្នាពី១គីឡូម៉ែត្រ ទៅ៣ឬ៤គីឡូម៉ែត្រ ដែលបានប្រាសាទខ្លះបាក់បែកបាត់រូបរាង និងនៅកប់ក្នុងដីជាច្រើនទៀត ។
គោលដៅទាក់ទាញទេសចរណ៍
ប្រាសាទច្រាប ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ៤០០ម៉ែត្រខាងកើតឆៀងខាងត្បូងបន្តិចពីជ្រុងអាគ្នេយ៍នៃរហាល និង ៤០០ម៉ែត្រទិសអាគ្នេយ៍នៃ ប្រាសាទចម្រេះ។
ប្រាសាទខ្នារ ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ មានចម្ងាយ ១គីឡូម៉ែត្រខាងត្បូងរហាល និងមានចម្ងាយ ១០០ម៉ែត្រទិសនរតីពីត្រពាំងអង្គខ្នារ។
ប្រាសាទខ្ទុំ ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ ១គីឡូម៉ែត្រខាងត្បូងជ្រុងអាគ្នេយ៍នៃរហាល និងមានចម្ងាយ៥០០ម៉ែត្រខាងត្បូងប្រាសាទដំរី។
ប្រាសាទបន្ទាយពីរជាន់ មានទីតាំងស្ថិតចម្ងាយប្រមាណ ២គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកេរ និងមានចម្ងាយ ២០០ម៉ែត្រជ្រុងអាគ្នេយ៍នៃរហាល ប្រមាណ ១០០ម៉ែត្រពីប្រាសាទថ្នឹង។
ប្រាសាទដំរី ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ១.៨គីឡូម៉ែត្រខាងត្បូងនៃជ្រុងអាគ្នេយ៍នៃរហាល ចម្ងាយ២០០ម៉ែត្រខាងជើងត្រពាំងខ្នារ និងប្រមាណប្រហែល១០០ម៉ែត្រខាងជើងផ្លូវ។