ទិដ្ឋភាពទូទៅ
ទឹកធ្លាក់អន្លង់ខៀវ គឺជារមណីយដ្ឋានមួយកន្លែងដែលមានអាងទឹកធម្មជាតិ ដ៏ថ្លាឈ្វង់ ពណ៌ខៀវស្រងាត់ អាចអោយយើងលោតទឹកលេង និងហែលទឹកបាន។ វាស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬអន្លង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់វាលរេញ ក្នុងចម្ងាយប្រមាណជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។
ភ្ញៀវទេសចរ ត្រូវមកដល់សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ នេះសិន មុននឹងបន្តធ្វើដំណើរឡើងភ្នំ កាត់ព្រៃលើផ្លូវមានថ្មរដិបរដុបបន្តិចប្រមាណជា ១៥ នាទី ទើបបានទៅដល់ទីឋានរមនានោះ។ គួរបញ្ជាក់ដែរថា វាមិនមានការដាក់ស្លាកសញ្ញាសម្គាល់ឡើយ ហើយវាក៏ទាមទារអ្នកប្រាថ្នាបទពិសោធដើរព្រៃ។
ទេសភាពទាក់ទាញបំផុតនៅរមណីយដ្ឋាននេះគឺយើងអាចមើលឃើញទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំបូកគោ ហើយទឹកបានហូរចុះមកគេចផ្ទាំងថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់ អមដោយហ្វូវមច្ឆាតូចធំ ហែលប្រដេញគ្នាគួរអោយគយគន់ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។
លើសពីនេះទៅទៀត ក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុង តំបន់មួយនេះ។