ទិដ្ឋភាពទូទៅ
ប្រាសាទវត្តអធ្វា កសាងឡើងអំពីថ្មភក់បែរមុខទៅទិសខាងលិចដូចប្រាសាទអង្គរវត្តដែរ បើពិនិត្យទៅលើប្លង់ ស្ថាបត្យកម្មទូទៅប្រាសាទនេះមានរាងការ៉េមានច្រកចូលគ្រប់ទ្វារនៃទិសទាំងបួន ហើយច្រកទ្វារទិសខាងកើត ខាងត្បូង និងខាងជើង មានបន្ថែមដំបូលលយចេញខាងមុខ ។ ដំបូលលយចេញ ខាងមុខនីមួយៗមានទ្វារចូលបីទ្វារទីមួយនៅចំអ័ក្ស និង ទ្វារពីរទៀតនៅអម សងខាងអ័ក្ស ។ ចំណែកដំបូលលយខាងមុខនៅខាងលិចភ្ជាប់នឹងសំណង់មាន រាងទ្រវែងមួយ ដែលជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ចូលទៅកាន់តួប៉មកណ្តាល ។