ទិដ្ឋភាពទូទៅ
ប្រាសាទបន្ទាយទ័ព គឺជាសមិទ្ធផលចុងក្រោយនៃស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលវត្ថុធាតុដើមធ្វើពីថ្មភក់ កសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយមានការយកលំនាំរចនាប័ទ្មពីសំណង់ប្រាសាទកំពូល ៥ ដូចជាប្រាសាទអង្គរវត្ត ហើយការកសាងឡើងក្នុងគោលបំណងឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃកងទ័ពរបស់ព្រះអង្គ ដែលបានពលីជីវិត កាលពេលធ្វើសង្គ្រាមជាមួយនគរចំប៉ា នៅឯខេត្តសៀមរាប។នៅក្នុងពេលបច្ចុប្បន្ន ប្រាសាទនេះ មិនសូវមានទេសចរស្គាល់ ហើយក៏មិនសម្បូរអ្នកមកលេងដែរ ដោយសារតែខ្វះការផ្សព្វផ្សាយ។ សំណង់ប្រាសាទ ក៏ត្រូវបានទ្រុឌទ្រោមជិតអស់ តែនៅពេលថ្មីៗនេះខាងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចាត់ក្រុមការងារបច្ចេកទេស រៀបចំឡើងវិញជាបណ្តើរៗដែរ។