ទិដ្ឋភាពទូទៅ
រមណីយដ្ឋានភ្នំដោះក្រមុំ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយនៅទីនេះក៏ជាកន្លែងអំណោយផលបំផុតសម្រាប់ការថតរូប និងមើលថ្ងៃរៀបលិច។ ភ្នំដោះក្រមុំគឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិ ភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។ប្រជាជនភាគច្រើនជឿថាព្រលឹងវិញ្ញាណស័ក្តិសិទ្ធិអារក្ខអ្នកតាដែលនៅលើភ្នំសម្បូរស្មៅនោះបានថែរក្សាពួកគេឲ្យមានសេចក្ដីសុខសុវត្ថិភាពនិងសុខភាពល្អ។ ជារឿយៗពួកគេក៏ឡើងទៅលើភ្នំដោះក្រមុំដើម្បីបន់ស្រន់សុំជោគលាភក្នុងមុខរបរនិងសុភមង្គលក្នុងគ្រួសារ។ស្ថិតនៅក្នុងភូមិដោះក្រមុំឃុំសុខដុមស្រុកសែនមនោរម្យខេត្តមណ្ឌលគិរីភ្នំនេះដើមឡើយឈ្មោះថាភ្នំឪយល់ក្រោយមកគេហៅជីហូ ជីវ័នឬស្រុះប្លង់។